ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ដោយការអបអរបុណ្យចូលឆ្នាំខ្មែរ ដល់អតិថិជន នៅទូទាំងប្រទេស

0
545

ភ្នំពេញ៖ កាលពីថ្ងៃ១១ ខែមេសាកន្លងទៅនេះ ធនាគារ​ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំប្រារព្ធពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងឱកាសទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខាទាំង១៣ ទូទាំងប្រទេស។ ពិសេសប្លែកខុសពីសព្វមួយដង អតិថិជនរបស់ធនាគារទទួលបានភាពភ្ញាក់ផ្អើលរីករាយតាមរយៈ ការតុបតែងជាលក្ខណៈប្រពៃណីខ្មែរ នៅតាមសាខារបស់ធនាគារ CIMB រួមមានការសម្តែងរបាំទ្រុត ការតុបតែងក្នុងសាខា ភេសជ្ជៈនិងនំខ្មែរ ព្រមទាំងសម្លៀកបំពាក់ប្រពៃណីរបស់បុគ្គលិកផងដែរ។

មិនតែប៉ុណ្ណោះ រាល់អតិថិជន ដែលបានអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ក៏ទទួលបានក្រមាខ្មែរ ទុកជាកាដូអនុស្សាវរីយ៍ទៀតផង។​នេះគឺជាការប្រារព្ធធ្វើទិវាថ្លែងអំណរគុណអតិថិជនលើកទី២ របស់ធនាគារ CIMB បន្ទាប់ពីទទួលបានមតិយោបល់​ជាវិជ្ជមាន សម្រាប់ការប្រារព្ធពិធី កាលពីឆ្នាំមុន។ តាមរយៈកម្មវិធីយកចិត្តទុកដាក់ដល់អតិថិជននេះ ធនាគារ CIMB បានបង្ហាញពីការថ្លែងអំណរគុណ ដល់អតិថិជនគ្រប់រូប សម្រាប់ការបន្តគាំទ្ររបស់ពួកគេ។ ក្នុងឱកាសដ៏ឱឡារឹកនេះ ធនាគារ CIMB បានបង្កើតនូវភាពភ្ញាក់ផ្អើល ដោយផ្តល់នូវសេវាកម្មបម្រើអតិថិជនជាពិសេស ពីសំណាក់និងគណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិរួម (DCEO) និងនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។

កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស​ សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខរបស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការទទួលយកមតិយោបល់អតិថិជនដោយផ្ទាល់ផងដែរ។ ដោយមានការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន គណៈគ្រប់គ្រងរបស់ធនាគារអាចយល់ដឹងកាន់តែច្បាស់អំពីកង្វះខាតនានា ដែលអតិថិជនកំពុងជួបប្រទះ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្មបម្រើអតិថិជនល្អប្រសើរ ដើម្បីបំពេញតម្រូវការអតិថិជន។

លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB បានថ្លែងថា៖ «នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជនបានរួមចំណែកដល់ភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាអ្វីដែលយើង យកចិត្តទុកដាក់ និងតបស្នងដល់អតិថិជនរបស់យើង ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរខាងមុខ ជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី ទាំងអស់គ្នា»។

លោកសម្បត្តិ ដែលជាអតិថិជនរបស់ធនាគារ CIMB តាំងពីបើកដំណើរការធនាគារដំបូងមកម្ល៉េះ បានរៀបរាប់ពីបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះឡើយ។ ពេលមកដល់សាខានេះ ខ្ញុំឃើញបុគ្គលិកធនាគារស្លៀកពាក់បែបប្រពៃណី ហើយ CEO និងថ្នាក់ដឹកនាំរបស់ធនាគារ នៅក្នុងបញ្ជរ រួចបម្រើសេវាកម្មដល់ខ្ញុំ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីដ៏រីករាយទៀតផង»។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាខាទាំង១៣ របស់ធនាគារ CIMB នៅទូទាំងប្រទេស មានអតិថិជនសរុបប្រមាណ ១.០០០នាក់ ដែលបានចូលរួមរីករាយ និងមានភាពភ្ញាក់ផ្អើល ក្នុងកម្មវិធីថ្លែងអំណរគុណអតិថិជន និងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមក នេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។

——————————————————————————————————

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសចំនួន ៩ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ១.០០០​ ក្រុមហ៊ុន នៅក្នុងតំបន់ ​។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។


  • សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់
  • លោក ស្រេង ភារុណ
  • ផ្នែកទីផ្សារ​ និងទំនាក់ទំនង
  • ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភី​អិល​ស៊ី
  • ទូរសព្ទ៖ (+៨៥៥)៩២ ៩៥៧ ៤៥៥
  • អ៊ីមែល៖ phearun.sreng@cimb.com.kh

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here