ភាពរីកចម្រើននៃវិស័យធនាគារ និងផ្នែកឥណទានគេហដ្ឋាន ជួយឲ្យអតិថិជនទទួលបានគេហដ្ឋានផ្ទាល់ខ្លួន

0
560

ភ្នំពេញ៖ ការទិញគេហដ្ឋានផ្ទាល់ខ្លួន គឺជាការសម្រេចចិត្តសំខាន់បំផុតមួយ នៅក្នុងជីវិត។ ក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍសំណង់លំនៅស្ថាន មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ យើងសង្កេតឃើញថា​ សន្ទុះកើនឡើង នៃការស្វែងរកឥណទានគេហដ្ឋាន ពីស្ថាប័នហិរញ្ញវត្ថុ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រួសារវ័យកណ្តាល មានកម្រិតមួយខ្ពស់ផងដែរ។ ផ្អែកតាមស្ថិតិទិន្នន័យរបស់ធនាគារជាតិ គិតត្រឹមខែតុលា ឆ្នាំ២០១៧ ចំនួនទឹកប្រាក់នៃឥណទានគេហដ្ឋាន ក្នុងចំណោមធនាគារពាណិជ្ជ និងធនាគារឯកទេស មានចំនួនជាង ៦ ៣០០ ប៊ីលានរៀល ឬប្រហែលនឹង ១ ៥៧៥ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំ២០១៦។

អត្រាកំណើន ប្រកបដោយភាពវិជ្ជមាន នៃឥណទានគេហដ្ឋាននេះ បានជម្រុញឲ្យមានភាពប្រកួតប្រជែងកាន់តែខ្ពស់ និងសម្បូរបែប ក្នុងវិស័យធនាគារ ដើម្បីបំពេញតម្រូវការអតិថិជន នៅលើទីផ្សារបច្ចុប្ប​ន្ន។ សព្វថ្ងៃនេះ អត្រាការប្រាក់ និងរយៈពេលនៃឥណទាន ក្នុងប្រទេសកម្ពុជា គឺប្រហាក់ប្រហែលទៅនឹងទីផ្សារ ក្នុងតំបន់អាស៊ានផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា តែងតែឈានមុខគេ លើការផ្តល់ផលិតផល ប្រកបដោយភាពច្នៃប្រឌិត។ កាលពីឆ្នាំមុន ធនាគារបានសម្ពោធគម្រោង HomePro ដែលជាផលិតផលឥណទានគេហដ្ឋានបំដូងតែមួយគត់ ភ្ជាប់មកជាមួយនឹងការធានារ៉ាប់រងអាយុជីវិត តម្លៃរហូតដល់ ៥០ ០០០ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។

លោកស្រីហេង ធីតា នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី បានឲ្យដឹងថា៖ «នៅធនាគារ ស៊ីអាយអិមប៊ី ការបំពេញតម្រូវការចាំបាច់របស់អតិថិជន គឺជាអាទិភាពចម្បងបំផុតរបស់យើង។ យើងជឿជាក់ថា គម្រោង HomePro ផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ ដែលរួមបញ្ចូលគ្នានូវឥណទានគេហដ្ឋានដ៏ល្អប្រសើរ និងការធានារ៉ាប់រងអាយុជីវិតដ៏មានតម្លៃ។ ធនាគារ ស៊ីអាយអិមប៊ី គឺធនាគារដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនដោយឥតគិតថ្លៃ នូវសេវាធានារ៉ាប់អាយុជីវិត សម្រាប់អតិថិជនផ្នែកឥណទានគេហដ្ឋាន ដើម្បីការពារអនាគតអតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា ទទួលបានសុវត្ថិភាពខ្ពស់ ពេលដែលសហការជាមួយធនាគារ ស៊ីអាយអិមប៊ី។»ក្រៅពីការផ្តល់ជូននូវអត្រាការប្រាក់ទាបត្រឹមតែ ៧,៩៩% និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំ ធនាគារ ស៊ីអាយអិមប៊ី ក៏បានសហការជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងបុរីធំៗ ដើម្បីនាំយកលក្ខខណ្ឌពិសេស ទៅដល់អតិថិជនផងដែរ។ ការចាប់ដៃគូជាយុទ្ធសាស្រ្តនេះ ជួយឲ្យបុរី និងអតិថិជន ទទួលបានអត្ថប្រយោជន៍ ពីដំណើរការទិញលក់គេហដ្ឋាន។

សម្រាប់ផែនការអនាគត ធនាគារ ស៊ីអាយអិមប៊ី នឹងពង្រីកកិច្ចសហការ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងគម្រោងបុរីធំៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវជម្រើសកាន់តែសម្បូរបែប ជាមួយនឹងគុណភាពគេហដ្ឋានតាមស្តង់ដារ ដែលអតិថិជនចង់បាន។

ក្នុងឆ្នាំ២០១៨នេះ ផលិតផលឥណទានគេហដ្ឋាន ក្នុងវិស័យធនាគារ មានការរំពឹងទុកថា នឹងមានការប្រកួតកាន់តែខ្ពស់ ស្របទៅនឹងកំណើនទីផ្សាររបស់អតិថិជន។ ដូច្នេះធនាគារ CIMB នឹងបន្តរក្សាភាពឈានមុខគេ នៅលើទីផ្សារ សម្រាប់តម្រូវការហិរញ្ញវត្ថុ ដោយផ្តោតសំខាន់អំពីតម្រូវរបស់អតិថិជនជាអាទិភាព ទៅលើការអភិវឌ្ឍផលិតផលឥណទានគេហដ្ឋាន ដោយផ្តល់នូវអត្ថប្រយោជន៍ និងលក្ខខណ្ឌអនុគ្រោះខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសចំនួន ៩ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ១.០០០​ ក្រុមហ៊ុន នៅក្នុងតំបន់ ​។​ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

  • លោក ស្រេង ភារុណ
  • ផ្នែកទីផ្សារ​ និងទំនាក់ទំនង
  • ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
  • ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

    អ៊ីមែល៖ phearun.sreng@cimb.com.kh

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here