ដឹងទេ ! រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំជាងគេនៅខេត្តកំពត វិនិយោគប៉ុន្មានលានដុល្លារទើបស្ថាបនារួច ?

0
1180

រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ពិធីអបអរសាទរនៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវបានប្រសូតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយទុនវិនិយោគប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលជាក្រុមហ៊ុនធំមួយ និងមានកេរិ៍តឈ្មោះល្បីរន្ទឺទូទាំងប្រទេស និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យសំណង់ និងចែកចាយលើទីផ្សារ និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ឆ្នាំក្នុងវិស័យផលិតស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជាច្រើននៅប្រទេសថៃឡង់ បង់ក្លាដេស ស្រីលង្កា និងវៀតណាម។

ការវិនិយោគនេះ ក្រុមហ៊ុន ជីបម៉ុងគ្រុបដាក់ទុនវិនិយោគ ៦០ភាគរយ រីឯក្រុមហ៊ុន ថៃ ស៉្យាម ស៊ីធី ស៊ីមេន ដាក់ទុន ៤០ភាគរយ។ ការវិនិយោគរួមគ្នានេះ បានធ្វើឲ្យវត្តមានរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ដ៏ទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ហើយជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេមួយ នៅក្នុងខេត្តកំពត ប្រកបដោយស្តង់ដាខ្ពស់ បំពាក់ដោយឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបទាន់សម័យ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ដែលធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនកាបូនិច មានកម្រិតទាបបំផុត និងមានបទដ្ឋានបរិស្ថានល្អ កម្រិតអន្តរជាតិ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here