នរណាខ្លះស្គាល់ឧបករណ៍តន្ត្រី គែន ? បុរសម្នាក់ ទោះគេដៀលថា អាចម៍ឆ្កែ ! ក៏ជម្នះរហូតជោគជ័យ …

0
407

មានមនុស្ស ច្រើននាក់ណាស់ ដែលមិនស្គាល់ ឧបករណ៍តន្ត្រី ឈ្មោះ គែន , គែន ជាឧបករណ៍តន្រ្តីបុរាណខ្មែរមួយប្រភេទដែលមិនសូវមានវត្តមានលើឆាកសិល្បៈខែ្មរឡើយ។ ប៉ុន្តែ លោក មុន ហៃ បានប្រាប់ថា លោកស្រលាញ់សិល្បៈ បុរាណនេះខ្លាំងណាស់ ទោះជាគេរិះគន់ តិះដៀល ប្រមាថ ថា អាមុខរបរតន្ត្រីមួយនេះអន់ណាស់យ៉ាងណាក៏ដោយ ក៏គាត់ជម្នះ ហ្វឹកហាត់យកធ្វើជាអាជីព រហូតទទួលបានជោគជ័យក្នុងជីវិតមួយកម្រិតដែរ គឺរូបលោក ត្រូវបានគេអញ្ជើញទៅសម្ដែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

លោក មុន ហៃ ឱ្យដឹងថា ឧបករណ៍តន្ត្រី គែន នេះ គឺបានបន្តដំណែលពីលោកឪពុកដែលជាសិល្បករ គែន ម្នាក់ ប៉ុន្តែលោកមិនបានហ្វឹកហាត់លេងតន្ត្រីគែននេះពីឪពុកលោកឡើយ ព្រោះលោកបានលាចាកលោកដោយ​របប​៣ឆ្នាំ៨ខែ២០ថ្ងៃ។ ដោយចិត្តស្រលាញ់លោកបានទៅរៀនពីគ្រូម្នាក់ដែលចេះលេងឧបករណ៍មួយនេះ ហើយកាលគ្រានោះ គែន គ្មានអ្នកចេះធ្វើនៅក្នុងស្រុកខ្មែរទេ ដូច្នេះលោកបានផ្ញើលុយតាមទាហានអ៊ុនតាក់ដែលគេអាចដើរចូលជំរំព្រំដែនកម្ពុជា-ថៃបាន ឲ្យគេទិញគែនឲ្យលោក។

តន្ត្រីករ គែន ល្បីឈ្មោះរូបនេះ ប្រាយប្រាប់ថា ដំបូងឡើយ អ្នកភូមិភាគច្រើនតិះដៀលថា លោកជាមនុស្សឆ្កួត ឡប់អត់គ្រប់ទឹកជាដើម។ គេតិះដៀលថា ឲ្យអ៊ំយកបំពង់ឫស្សីទៅភ្នំពេញមិនចេះខ្មាសគេអ្វី? លេងអ្វីតន្រ្តីអាចម៍ឆ្កែ យកទៅហ្នឹងគ្មានអ្នកមើលទេ។ ខ្ញុំគិតវិញថា នេះជារឿងរបស់ខ្ញុំដែលលង់ស្រលាញ់វាទៅហើយ ខ្ញុំមិនគិតថាមានអ្នកមើលឬក៏អត់ទេ សំខាន់ ខ្ញុំបានចូលរួមពិធី និងសម្ដែងវាឱ្យមនុស្សរាប់រយរាប់ពាន់នាក់ដែលមិនដែលស្គាល់ បានឃើញ។

ទីបំផុតគេភ្ញាក់ផ្អើលនឹងឧបករណ៍តន្ត្រី គែន មួយនេះ និង សរសើររូពគាត់ «កាលពីខែ៧ ឆ្នាំ២០១៧ ខ្ញុំបានទៅសម្ដែងនៅទីក្រុងឡុង ប្រទេសអង់គ្លេស តាមរយៈក្រុមរថយន្តតន្រ្តីទិព្វ ខ្ញុំទៅផ្លុំគែនជូនដល់ភ្ញៀវបានទស្សនា គេគាំទ្រខ្លាំងណាស់ ខ្ញុំមិននឹកស្មានថា ឫស្សីប៉ុន្មានដើមសោះ ធ្វើឲ្យខ្ញុំស្គាល់ប្រទេសគេ បើគ្មានវាទេខ្ញុំមិនស្គាល់អង់គ្លេសឡើយ នៅស្រុកខ្មែរនេះ តើមានមនុស្សប៉ុន្មាននាក់ទៅដែលស្គាលប្រទេសអង់គ្លេស?

សិល្បៈមួយនេះក្រៅពីផ្តល់ឲ្យលោកបានស្គាល់ស្រុកក្រៅហើយ តែវាបានផ្តល់ចំណូលប្រចាំខែដល់លោកតាម រយៈការបង្រៀនសិល្បៈ និងចេញសម្ដែងទៀតផង ជាពិសេសធ្វើឲ្យលោកគេចផុតពីដំណៀលរបស់គេ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here