សិស្ស-និស្សិត ចង់ដឹងពីរបៀបទទួលបានអាហារូបករណ៍ទេ កុំភ្លេចសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦

0
98

“ប្រជាជាតិខ្លាំង ពេលមានប្រជាជនខ្លាំង” គឺជាប្រធានបទដ៏សំខាន់មួយ រៀបចំដោយក្រុមហ៊ុនអនុស្សា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី អាហារូបករណ៍ប្រចាំឆ្នាំលើកទី៦ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដែលផ្ដោតទៅលើការជំរុញញសិស្សនិស្សិតកម្ពុជាក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា បានឲ្យដឹងថា អាហារូបករណ៍នេះ មានសារៈសំខាន់ណាស់ ព្រោះសិស្សនិស្សិតមានឱកាសប្រមូលយកចំណេះដឹង និង ជំនាញពីពិភពលោក អភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម ដើម្បីក្លាយជាធនធាន ក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសន្និសីទនេះដែរ យើងនឹងពិភាក្សាគ្នា អំពីអាហាររូបករណ៍ដែលបានកំណត់ដល់និស្សិតកម្ពុជា អាហារូបករណ៍ដែលផ្ដល់ដោយថ្នាក់តំបន់ និងថ្នាក់ពិភពលោកទាំង​មូល ស្គាល់ពីប្រភេទអាហារូបករណ៍ដែលល្បីៗ មានជាប្រចាំ និងត្រៀមសម្រាប់អាហារូបករណ៍ទាំងអស់នោះ។ លោកក៏បានស្នើដល់បញ្ញវន្តដែលធ្លាប់ទទួលបានឱកាសសិក្សានៅក្រៅប្រទេសឲ្យចូលរួមសកម្មក្នុងកិច្ចការអភិវឌ្ឍជាតិ តាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងបន្តទម្លាប់បន្តុះបង្អាប់ រិះគន់ និងមិនឲ្យតម្លៃជាតិសាសន៍ឯង។

ជាមួយគ្នានេះដែរ លោក សោម សម្បតិ្ដ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ បានថ្លែងថា លោកតែងតែចូលរួមរាល់សកម្មភាពដែលជួយដល់យុវជនកម្ពុជាដើម្បីបង្កើននូវគុណភាពនៃមនុស្ស ដោយលោកបានបញ្ជាក់ថាកម្រិតនៃការអប់រំ ជាកត្តាជំរុញកម្រិតនៃការគិត ដែលជាផ្លូវនាំគុណភាពនៃមនុស្សឱ្យមានភាពប្រសើរឡើង។

លោក ហុង សំណាង តំណាងឱ្យវិទ្យាស្ថានអប់រំ IDP បានចូលរួមសន្និសីទសារព័ត៌មានខាងលើនេះ ដោយចែក​រំលែកពីតេស្តស្តង់ដា IELTS ដែលជាតម្រូវការសម្រាប់អាហារូបករណ៍ និងកម្មវិធីហ្វឹកហ្វឺនភាសាអង់គ្លេសដែល ផ្តល់ដោយវិទ្យាស្ថានACE។

លោកស្រី ប៊ូ មល្លិកា លោក ពៅ សុភក្រ្ត និង លោក ហុង ប៊ុនសេង ដែលជាអតីតសិស្សអាហារូបករណ៍បានចូលរួមចែករំលែកបទពិសោធន៍ ជាក់ស្ដែងរបស់ខ្លួនក្នុងការដាក់អាហារូបករណ៍ដោយជំរុញ ឲ្យបេក្ខជនត្រៀមទុកមុនឲ្យបានយូរ រៀនសរសេរសំណេរផ្ទាល់ខ្លួនជាច្រើនលើក និង គូសវាសគម្រោងសិក្សាឲ្យមានលក្ខណៈស៊ីជម្រៅ ប្រាកដនិយម និងស៊ីសង្វាក់គ្នាទៅនឹងបទពិសោធន៍ការងារ។

សូមបញ្ជាក់ថា ពិធីជួបជុំធំស្ដីពីអាហារូបករណ៍ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អ្នកដែលមានបទពិសោធន៍ នឹងរៀបចំឡើងនៅថ្ងៃទី២១ មករា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹកដល់៥ល្ងាច។ សន្និសីទអាហារូបករណ៍លើកទី៦នេះ នឹងមានការធ្វើបទបង្ហាញពី តំណាងស្ថានទូតធំៗ ស្ថាប័នផ្ដល់អាហារូបករណ៍ និង អតីតនិស្សិតអាហារូបករណ៍អំពីដំណើរនៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាអាទិភាព របៀបបំពេញបែបបទ តិចនិចក្នុងការសរសេរសំណេរផ្ទាល់ខ្លួន គំរោងសិក្សា និងការត្រៀមខ្លួនទុកជាមុន៕

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ សហការឧបត្ថម្ភដោយ Berocca និង IELTS ។ ព័ត៌មានបន្ថែម អាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរសព្ទលេខ 012 230 140 / 010 911 776។ https://www.facebook.com/events/183248662229268/?active_tab=discussion https://www.youtube.com/watch?v=Yn2hr4HlSpE

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here