មន្ត្រីធនាគារជាតិ ថា ការដកវិញ្ញាបនបត្រប្រតិបតិ្តករឥណទានជនបទចំនួន ១១ មិនប៉ះពាល់ឧស្សាហកម្មហិរញ្ញវត្ថុនោះទេ

0
926

ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដកសិទ្ធិធ្វើអាជីវកម្មពីប្រតិបតិ្តករឥណទានជនបទចំនួន ១១ ដោយអះអាងថា គ្រឹះស្ថានទាំងនោះមិនបានគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ។

សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងកាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០១៨ គ្រឹះស្ថានឥណទាន និង ប្រតិបត្តិករឥណទានជនបទ ចំនួន១១នេះ រួមមាន ៖ ១- សមាគមជាតិទ្រទ្រង់កសិផល , ២- វិទ្យាស្ថានសន្តិភាព និងអភិវឌ្ឍន៍ , ៣- អង្គការលូថេរ៉េន បម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ) , ៤- អង្គការអភិវឌ្ឍន៍ជនបទខ្មែរ , ៥- ស៊ី ខេ អឹម អេហ្វ ជី , ៦- អង្គការសប្បុរស , ៧- អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍន៍ , ៨- អង្គការជោគជ័យ , ៩- អង្គការឥណទានកម្ពុជា (អាយ ខេ ហ្វាយនែន) , ១០- អង្គការ ច័ន្ទ សុខសាន្ត , ១១ សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។

 

លោកស្រី ជា សិរី អគ្គនាយិកានៃធនាគារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នោះទេ ប៉ុន្តែលោកស្រីលើកឡើងថា គ្រឹះស្ថានទាំងនោះមិនបានគោរពតាមច្បាប់ និង​បទប្បញ្ញត្តិរបស់ធនាគារជាតិ ហើយមូលហេតុមានភាពខុសគ្នាពីករណីមួយទៅករណីមួយ។

លោកស្រី ជា សិរី ថ្លែងថា ការបិទដំណើរការគ្រឹះស្ថានទាំង១១ នឹងមិនមានផលប៉ះពាល់អ្វីដល់ដំណើរឧស្សាហកម្ម​ហិរញ្ញវត្ថុនោះទេ ដោយសារប្រតិបត្តិការរបស់ពួកគេមានទំហំតូចមែនទែន តែយើងក៏កែតម្រូវឱ្យកាន់តែល្អដែរ គឺជាការអភិវឌ្ឍ។

លោក យន់ សុវណ្ណា អគ្គលេខាធិការសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា គ្រឹះស្ថានទាំង ១១ មិនស្ថិតក្នុងបញ្ជីសមាជិករបស់ CMA នោះទេ ខណៈសមាគមនេះមានសមាជិកជាប្រតិបតិ្តករឥណទានជនបទសរុប ២១ ហើយការខកខានក្នុងការគោរពបទប្បញ្ញត្តិត្រូវតែមានការដាក់ទណ្ឌកម្ម ការពិន័យ ឬ ការដកអាជ្ញាប័ណ្ណ៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here